បុណ្យមាឃបូជាសង្ខេប

បុណ្យមាឃបូជាសង្ខេប
    សម្តេចព្រះ​ភគវន្ត​អនន្តញ្ញាណ​ តាំងអំពី​ទ្រង់​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ស្រេច​ហើយ​ពេល​ណា ​ព្រះ​អង្គក៏​ត្រាច់​ប្រកាស​ព្រះពុទ្ធ​សាសនា​ តាម​ទីប្រជុំ​និគមជនបទ​មិន​ខ្លាច​នឿយ​ព្រះ​កាយ ព្រមទាំង​ដឹកនាំ​មនុស្ស​ក្នុង​ពិភពលោក​ ដែល​មិន​ទាន់​មាន​សទ្ធា​ឱ្យ​មាន​សទ្ធា​ឡើង រីឯ​អ្នក​ដែល​មាន​សទ្ធា​ហើយ​ឱ្យ​កាន់តែ​មាន​សទ្ធា​ទៀត ថែមមានមុខ​ឆ្ពោះទៅ​កាន់​ព្រះពុទ្ធ​សាសនា​តាម លំអាន ហើយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រព្រឹត្ត​នូវ​ពុទ្ធកិច្ច​ទាំង ​៥ ​ប្រការ​អស់រយៈពេល ​៤៥ ​វស្សា​មិន​ឱ្យ​ចន្លោះ​ឡើយ ​ដើម្បី​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ​ទាំងពួង​ទាំងឡាយ។
       មាឃបូជា ជា​បុណ្យ​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​បុណ្យ​ជាតិ​នានា ដែល​ពុទ្ធសាសនិក​តែង​គោរព​បូជា​មិន​ដែល​ខាន នៅ​ពេល​ដល់​ថ្ងៃពេញបូណ៌មី​ខែមាឃ​ចូល​មក​ដល់។ ក្នុងថ្ងៃនេះ​ដែរ មន្ត្រីរាជការ​គ្រប់​ឋានានុក្រម ព្រមទាំង​អង្គភាព​ការងារ​គ្រប់​ស្ថាប័ន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ​ ដើម្បី​មានឱកាស​ចូលរួម​គោរព​បូជា​បុណ្យមាឃបូជា​នេះ។ នៅ​ក្នុងថ្ងៃនេះ ពុទ្ធមាមកជន​បាន​មក​ប្រជុំ​គ្នា​រៀបចំ​គ្រឿង​សក្ការបូជា​ទាំងឡាយ​មាន​ទៀន ធូប និង​ផ្កា​ជាដើម​បូជា​ក្នុង​វត្ត​អារាម​ផ្សេង​ៗ ដោយ​មាន​ព្រះ​ពុទ្ធរូប​ស្នង​អង្គ​ គង់​ចំពោះ​មុខជា​ប្រធាន​ហាក់ដូចជា​ព្រះ​បរម​សាស្តា​អង្គ​នោះ​ធរមាន​ចំពោះ​មុខ​នៃ​យើង​ទាំងអស់​គ្នា សូម​ថ្វាយ​គ្រឿង​សក្ការទាំងនេះ ចំពោះ​ព្រះសម្មាសម្ពុទ្ធ ព្រមទាំង​ព្រះធម៌ និង​ព្រះ​អរិយសង្ឃ ដោយ​សេចក្តី​គោរព។
       ពុទ្ធបរិស័ទ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នេះ ​នៅ​ថ្ងៃពេញបូណ៌មី (១៥​ កើត​) ខែមាឃ ដើម្បី​រំឭក​ដល់​ព្រះ​សម្ពុទ្ធ​ទ្រង់​ដាក់​អាយុសង្ខារ​នៅ​ចំពោះ​មុខ​មារ​ថា “ម្នាល​មារ​មានចិត្ត​បាប​គិត​ពី​ថ្ងៃនេះ​ទៅ​នៅ​ខ្វះ​តែ​៣​ខែ​ទៀត​ទេ តថាគត​នឹង​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​និព្វាន​ហើយ”។
លុះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ដាក់​អាយុសង្ខារ​ដូច្នេះ ហើយ​ក៏​មានការ​កក្រើករំពើក​ញាប់​ញ័រ​ផែនដី ​គួរ​ឱ្យ​ភ្លូកភ្លឹក​ព្រឺព្រួច​ទាំង​មាន​ផ្គរ​លាន់ឮ​ឡើង​ផ្អើល​អស់​មនុស្ស​ទេវតា។ ពួក​សាវ័ក​ទាំងឡាយ​មានព្រះ​ អានន្ទ​ជាដើម​ក៏​កើតក្តី​សង្វេគ​សោយទុក្ខ​ក្តុកក្តួល​ស្តាយស្រណោះ​គ្រប់​ៗ​អាត្មា។
       ក្នុងថ្ងៃនេះ​ដែរ​ ក៏​ពុទ្ធបរិស័ទ​រំឭក​នឹក​ដល់​កាលដែល​ព្រះ​អង្គ​ទ្រង់​ធ្វើ​ចតុរង្គសន្និបាត ដែល​មាន​ភិក្ខុសង្ឃ​ចំនួន​ ១២៥០​ អង្គ​សុទ្ធតែ​ជា​ព្រះអរហន្ត​ខីណាស្រព​មក​ប្រជុំ​គ្នា​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​ឯ​វត្ត​វេឡុវ័ន ដែល​ការ​មក​ប្រជុំ​របស់​ព្រះអរហន្ត​ទាំង​អម្បាល​នោះ​អត់​បាន​កំណត់ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់តែ​មក​ប្រជុំ​គ្នា​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​ដោយ​ឯង​ៗ។ ការ​ប្រជុំ​បែប​នេះ​ក្នុង​ពុទ្ធសម័យ​មាន​តែ​ម្តង​គត់​ដែល​ហៅ​ថា ចតុរង្គសន្និបាត​គឺ​ការ​ប្រជុំប្រកបដោយ​អង្គ​បួន ហើយ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ឱវាទបាតិមោក្ខ​ក្នុង​ទីប្រជុំ​នៃ​ភិក្ខុសង្ឃ​នោះ។ ពួក​ពុទ្ធមាមកជន​គ្រប់​ប្រទេស​កាល​រៀង​មក​បាន​កំណត់​យក​ថ្ងៃពេញបូណ៌មី​ខែមាឃ​រាល់​ឆ្នាំ​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ ។
ចតុរង្គ​សន្និបាត
     ចតុរង្គ​សន្និបាត គឺការប្រជុំដែលប្រកបដោយទាំងអង្គ ប្រការរបស់​ព្រះសម្មា-សម្ពុទ្ធ​ជា​បរមគ្រូ​នៃ​យើង​នេះ​ដូច្នេះ​គឺ ៖
     ១- មាឃនក្ខត្តេន យុត្តោ បុណ្ណមីឧបោសថោ ទិវសោ ថ្ងៃ​ឧបោសថ​ព្រះចន្ទ​ពេញ​វង់​ប្រកប​ដោយ​ផ្ដាយ​ប្រចាំ​ខែ​មាឃបុណ្ណមី គឺថ្ងៃ ១៥ កើត​មាឃៈ។
     ២- កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេរសានិ ភក្ខុសតានិ, ភិក្ខុ ១២៥០ រូប ឥត​មាន​នរណា​និមន្ត​ឡើយ ស្រាប់​តែ​មក​ប្រជុំ​គ្នា​តាម​ធម្មតា​របស់​លោក។
     ៣- តេសុ ឯកោ បុថុជ្ជនោ វា សោតាបន្នសកទាគាមិអនាគាមិសុក្ខវិបស្សអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆ អភិញ្ញាវ ភិក្ខុ​អម្បាល​នោះ​ជា​បុថុជ្ជន ឬ​សោតាបន្ន សកទាគាមី អនាគាមី ឬ​ព្រះអរហន្ត​សុក្ខវិបស្សកៈ សូម្បី​តែ​ ១ រូប​ក៏​មិន​មាន សុទ្ធ​តែ​ជា​ព្រះអរហន្ត បាន​អភិញ្ញាណ ៦ គ្រប់​រូប។
     ៤- ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ សព្វេ ឯហិភិក្ខូយេវ, សូម្បី​តែ ១ រូប​ដែល​កោរ​សក់​ដោយ​កាំ​បិត​ ហើយ​បួស​ក៏​មិន​មាន សុទ្ធ​តែ​ជា​​ឯហិភិក្ខុ​ទាំង​អស់។

   ចតុរង្គសន្និបាត​នេះ ព្រះសម្ពុទ្ធ​ជា​បរមគ្រូ​របស់​យើង​ទ្រង់​ធ្វើ​ក្នុង​វត្ត​វេឡុវ័ន។ មាន​ដំណាល​ថា ៖ កាល​ដែល​ព្រះអង្គ​សាវ័ក​ទាំង​ពីរ​បួស​ហើយ ព្រះមហាមោគ្គល្លាន​បាន​សម្រេច​អរហត្តក្នុង​ថ្ងៃ​ទី ៧។ ព្រះ​ធម្មសេនាបតី​សារីបុត្ត បាន​សម្រេច​សាវ័ក​បារមី​ញាណ​ក្នុង​ថ្ងៃ​ទី ១៥ នៅ​វេលា​ដែល​បញ្ជូន​ញាណ​ទៅ​តាម​ខ្សែ​ធម្មទេសនា ដែល​ ព្រះដ៏មានព្រះភាគ​ទ្រង់​សម្ដែង វេទនាបរិគ្គហសូត្រ ប្រោស​ទីឃនខបរិព្វាជក​ជា​ក្មួយ​របស់​លោក​ក្នុង​ញកគុហាឈ្មោះ សូក​រខាត​លេណៈ នា​ពាក់​កណ្ដាល​ភ្នំ​គិជ្ឈកូដ។ កាល​ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​ជ្រាប​ថា​ព្រះ​ថេរៈ​បាន​សម្រេច​អរហត្ត​ហើយ ព្រះអង្គ​ទ្រង់​ហោះ​ទៅ​តាម​អាកាស​ប្រតិស្ឋាន​ឯវត្ត​វេឡុវ័ន។ ព្រះថេរៈ​បាន​ជ្រាប​ដូច្នោះ ក៏​ហោះ​ទៅ​តាម​អាកាសប្រតិស្ឋាន​ក្នុង​វត្ត​វេឡុវ័ន​ដែរ។ សម័យ​នោះ​ជា​វេលា​ជួប​ជុំប្រកប​ដោយ​អង្គទាំង  ៤ ប្រការ  ដែលលោក​ហៅ​ថា  “ចតុរង្គ​សន្និបាត”  ព្រះដ៏មានព្រះភាគ​ក៏​ទ្រង់​សម្ដែង​ឱវាទបាតិមោក្ខ ក្នុង​ទី​ប្រជុំ​នោះ។
ឱវាទបាតិមោក្ខគាថា
                              សព្វបាបស្ស  អករណំ,                  កុសលស្សូបសម្បទា,
                              សចិត្តបរិយោទបនំ,                       ឯតំ  ពុទ្ធានសាសនំ,
                              ខន្តិ  បរមំ  តបោ  តីតិក្ខា,                និព្វានំ  បរមំ  វទន្តិ  ពុទ្ធា,
                              ន ហិ បព្វជិតោ បរូបឃាតី,              សមណោ ហោតិ បរំ វិហេឋយន្តោ,
                  អនូបវាទោ អនូបឃាតោ,               បាតិមោក្ខេ ច សំវរោ,
                  មត្តញ្ញុតា ច ភត្តស្មឹ ,                      បន្តញ្ច សយនាសនំ,
                  អធិចិត្តេ ច អាយោគោ,                  ឯតំ ពុទ្ធានសាសនំ។
សេចក្តីប្រែ
       ព្រះបរមពុទ្ធោវាទ ៣ គាថានេះ ឈ្មោះ​ថា ឱវាទបាតិមោក្ខ ជាព្រះ​ឱវាទ​មានសេចក្ដី​វិសេស​ ១១ ប្រការ ដូច​ន័យ​ដែល​ចែក​ជា​កណ្ឌៗ តទៅ​នេះ​គឺ
       ១- សព្វបាបស្ស អករណំ      ការ​មិន​ធ្វើ​អំពើ​បាប​ទាំង​ពួង,
២- កុសលស្សូបសម្បទា    ការ​បំពេញ​កុសល​ឲ្យ​បរិបូណ៌,
៣- សចិត្តបរិយោទបនំ      ការ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​,
-    ឯតំ ពុទ្ធានសាសនំ        នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំង​ឡាយ។
៤- ខន្តិ បរមំ តបោ តីតិក្ខា អធិវាសនខន្តី ពោល​គឺ​សេចក្ដី​អន់ធន់ ជា​តបធម៌​ដ៏​ឧត្ដម
៥- និព្វានំ បរមំ វទន្តិ ពុទ្ធា    ព្រះពុទ្ធ​ទាំង​ឡាយ​តែង​សម្ដែង​ថា ព្រះនិព្វាន​ជា​ធម៌​ឧត្ដម
          ៦- ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ បុគ្គល​ដែល​សម្លាប់​សត្វ​ដទៃ​មិន​ឈ្មោះថា បព្វជិត បុគ្គល​ដែល​បៀតបៀន​សត្វ​ដទៃ​មិន​ឈ្មោះ​ថា សមណៈឡើយ។
៧- អនូបវាទោ អនូបឃាតោ  ការ​មិន​ពោល​តិះដៀល (​អ្នក​ដទៃ​) ការ​មិន​បៀតបៀន (អ្នក​ដទៃ​)
៨- បាតិមោក្ខេ ច សំវរោ       ការ​សង្រួម​ក្នុង​បាតិមោក្ខ,
៩- មត្តញ្ញុតា ច ភត្តស្មឹ          ភាវៈ​ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត,
១០- បន្តញ្ច សយនាសនំ      ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់,
១១- អធិចិត្តេ ច អាយោគោ   ការ​បំពេញ​ព្យាយាម​ក្នុង​អធិចិត្ត។
    - ឯតំ ពុទ្ធានសាសនំ នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំង​ឡាយ។
       ឱវាទ​បាតិមោក្ខ​នេះ ជា​សាសនធម៌​ផ្លូវ​ប្រតិបត្តិ​របស់​ពុទ្ធ​បរិស័ទ​គ្រប់​ចំពូក​ទូទៅ​ទាំង​សាសនមណ្ឌល ។ ព្រះបោរាណាចារ្យ​បាន​សម្ដែង​ទុក​ថា ធម្មតា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំង​ឡាយ ​ដែល​បាន​ត្រាស់​ដឹង​ក្នុង​អតីត​កាល​កន្លង​ហើយ គឺតាំង​អំពី​ព្រះ​វិបស្សី​សម្មាសម្ពុទ្ធ​ជាម្ចាស់ជា​ដើម​ក្ដី ព្រះអរហន្តសម្មាសម្ពុទ្ធ ​ដែល​ព្រះអង្គនឹង​បាន​ត្រាស់​ក្នុង​អនាគត​កាល​ខាង​មុខ​ក្ដី ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ជា​បរមគ្រូ​របស់​យើង​ទាំង​ឡាយ ដែល​មាន​សាសនោវាទ​រុង​រឿង​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី ព្រះសម្មាសម្ពុទ្ធ​ក្នុង​កាល​ទាំង ៣ តែង​ទ្រង់​ធ្វើ​វិសុទ្ធិ​ឧបោសថសម្ដែង​ឱវាទបាតិមោក្ខ ៣ គាថា​នេះ​ក្នុង​ទី​ប្រជុំ​នៃ​ព្រះសង្ឃសាវ័ក​ដ៏​ប្រសើរ ដែល​ហៅ​ថា “ចតុរង្គសន្និបាត” (​ការ​ប្រជុំ​សាវ័ក​ប្រកប​ដោយ​អង្គ ៤) ដូច​គ្នាគ្រប់​ៗ អង្គ ផ្សេង​តែ​វារៈ​ដែល​ទ្រង់​សម្ដែង ព្រះអង្គ​ខ្លះ​ច្រើន​ដង ព្រះអង្គ​ខ្លះ​តិច​ដង និង​ផ្សេង​ចំនួន​ភិក្ខុ​ដែល​មក​ប្រជុំ ច្រើន​តិច​ជាង​គ្នា​តាម​កាល ព្រះវិបស្សីសម្មាសម្ពុទ្ធ មាន​ចតុរង្គ​សន្និបាត ៣ ដង គឺ​មាន​ភិក្ខុ​ ៦ លាន ៨ សែនរូប​ម្ដង ១ សែន​រូប​ម្ដង ៨ ហ្មឺន​រូប​ម្ដង ព្រះសិខីសម្មាសម្ពុទ្ធ មាន​ចតុរង្គ​សន្និបាត ៣ ដង គឺ​មាន​ភិក្ខុ​ ១ សែន​រូប​ម្ដង ៨ ហ្មឺន​រូប​ម្ដង ព្រះវេស្សភូ​សម្មាសម្ពុទ្ធ​មានចតុរង្គ​សន្និបាត ៣ ដង គឺ​មាន​ភិក្ខុ ៨ ហ្មឺន​រូប​ម្ដង ៧ ហ្មឺន​រូប​ម្ដង ៦ ហ្មឺន​រូប​ម្ដង ព្រះសម្មាសម្ពុទ្ធ​ជា​បរមសាស្ដារបស់​យើង​មាន​ចតុរង្គសន្និបាត​តែ​ម្ដង ព្រះអរហន្ត​សាវ័ក​ដែល​មក​ប្រជុំ​គ្នា​ក្នុង​គ្រា​នោះ​តែ ១ ២៥០ រូប តិច​ជាង​ព្រះ​សម្មាសម្ពុទ្ធ​ពី​បុរាណ។
       ហេតុ​ដូច្នេះបានជា​ចតុរង្គសន្និបាតនេះ ជាទីនិយម​រាប់​អាន​របស់​អ្នក​ប្រាជ្ញ​ថា​ជា​មហាអស្ចារ្យ និង​ជា​មហា​មង្គលដ៏​ប្រសើរ​ កាល​បើ​ដល់​ថ្ងៃ​មាឃបុណ្ណមីនៃ​ខែ​មាឃ ដែល​ជា​ថ្ងៃ​អភិលក្ខិតកាល​ដូច្នេះ​ សប្បុរស​ក៏​នាំ​គ្នា​ចាត់​ចែង​គ្រឿង​សក្ការៈ​ដ៏​ផ្ចិតផ្ចង់ មាន​ប្រទីប​ជ្វាលា ​ធូប​ ទៀន ​និង​កម្រង​ផ្កា​ជា​ដើម យក​ទៅបូជា​ចំពោះ​ព្រះស្ដូប​ជាទី​បញ្ចុះ​ព្រះសារីរិកធាតុ និង​ឧទ្ទេសិក​ចេតិយ គឺ​ព្រះពុទ្ធប្បដិមា ដែល​ប្រតិស្ឋាន​ទុក​ជា​គ្រឿង​សំគាល់​ក្នុង​អារាម​ផ្សេងៗ​ ឧទ្ទិស​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ និង​ព្រះអរហន្ត​ទាំង​ឡាយ ​ដែល​បរិនិព្វាន​ទៅ​ជា​យូរ​អង្វែង​ហើយ ប្រជុំ​គ្នា​ស្ដាប់​ព្រះសង្ឃ​សូត្រ​ស្វាធ្យាយ និង​ស្ដាប់​ព្រះសទ្ធម្មទេសនា​ជាទី​រឭកដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ពី​បុរាណ និង​ព្រះ​សម្មាសម្ពុទ្ធបរមគ្រូ​របស់​យើង​ទ្រង់​ធ្វើ ចតុរង្គសន្និបាត នោះ​ឯង​តាម​សេចក្ដី​ជឿ​និង​សេចក្ដី​ជ្រះថ្លា​របស់​ខ្លួនៗ ជាប់​ជា​ប្រវេណីត​ៗ មក​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
      ហេតុ​ដូច្នេះ​ហើយ​បានជា​ពិធី​នេះ​ ជាទី​ពេញនិយម​រាប់អាន​របស់​អ្នក​ប្រាជ្ញា​ថា​ជា​មហា​មង្គល​អស្ចារ្យ និង​ជាម​ហា​សិរី​សួស្តី​ដ៏​ប្រសើរ​ក្រៃ​លែង​កាលបើ​ដល់​ថ្ងៃពេញបូណ៌មី​ខែវិសាខ ​ដែល​ជា​ថ្ងៃ​ប្រកបដោយ​អភិលក្ខិតកាល សប្បុរស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏ ​មក​ប្រជុំ​គ្នា​ចាត់ចែង​គ្រឿង​សក្ការៈ​ដ៏​ផ្ចិតផ្ចង់​មាន​ទៀន ធូប កម្រងផ្កា​ជាដើម​យក​ទៅ​បូជា​ចំពោះ​ព្រះ​ពុទ្ធរូប​ក្នុង​អារាម​ផ្សេង​ៗ ព្រមទាំង​បូជា​ចំពោះ​ព្រះធម៌ និង​ព្រះអរហន្ត​ទាំងឡាយ​ ដែល​បរិនិព្វាន​ទៅ​ជា​យូរអង្វែង​ហើយ។ ក្នុង​ថ្ងៃ​នោះ​ពុទ្ធបរិស័ទ​បាន​ប្រជុំ​គ្នា​ស្តាប់​ព្រះ​សទ្ធម្មទេសនា និង​បាន​ស្តាប់​ព្រះសង្ឃ​សូត្រ​ស្វាធ្យាយ​រៀបរាប់​អំពី​គុណ​របស់​ព្រះពុទ្ធ​ជា​អនេក​សម្រាប់​មនុស្សលោក​ទូទៅ។ ព្រោះហេតុនោះ​ទើប​ពិធី​នេះ​ជាប់​ជា​បវេណី​តម​ករ​ហូត​ដល់​សព្វ​ថ្ងៃនេះ៕

ចប់ដោយសង្ខេបប៉ុណ្ណេះ

Comments