ផែនទីភូមិសាស្រ្ត
បាភ្នំ មានទីតាំងនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចំងាយ ៧៨ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ និងមានចំងាយ ៤៥ គីឡូម៉ែត្រ ពី ខេត្តព្រៃវែង បត់ឆ្វេងដៃ ត្រង់ផ្សារកំពង់សឹង ចូលចំងាយប្រហែល ៧ គីឡូម៉ែត្រ។
រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅម្តុំគ្នា គឺ ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ» ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើងភ្នំ។ ឯមន្ទីរ និងរាជវាំងនានាត្រូវបាក់បែករូបរាងដោយនគរភ្នំជំនាន់នោះមានសង្រ្គាម។
បាភ្នំមានទេសភាពល្អ កាលណាយើងឡើងដល់កំពូលភ្នំមើលមកក្រោម និងមានផ្ទាំងថ្ម រូងថ្មធំៗ ដែលជាដែនជំរកសត្វព្រៃមួយចំនួនលាក់ខ្លួនបាន។ នៅជើងភ្នំមានវត្តឈ្មោះថា «វត្តភ្នំ» ឬ «វត្តបាភ្នំ»។ រមណីយដ្ឋានបាភ្នំមានផ្លូវព័ទ្ធជុំវិញភ្នំ និងស្រះទឹកធំមួយនៅភាគខាងកើត នៅជុំវិញភ្នំមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅបន្តបន្ទាប់។
រមណីយដ្ឋានបាភ្នំ ត្រូវបានគេគ្រោងទុក ដើម្បីអភិវឌ្ឍធ្វើជាកន្លែងទេសចរណ៍ដ៏ធំមួយ នៅប៉ែកខាងកើតទន្លេមេគង្គ ដោយតំបន់នេះអាចទាក់ទាញភ្ញៀវទេសចរជាច្រើនឲ្យមកកម្សាន្តនៅក្នុងពិធីបុណ្យខ្មែរ និងថ្ងៃឈប់សម្រាកផ្សេងៗ។
ដកស្រង់ពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា (កែវ ភួង)
Comments
Post a Comment