កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប កុំអែបដូចជ្រៃ កុំអាស្រ័យដូចបញ្ញើក្អែក

បុរាណភាសិត
===========
"កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប កុំអែបដូចជ្រៃ កុំអាស្រ័យដូចបញ្ញើក្អែក"
១. កុំស្លាប់ដូចពស់
        កុំស្លាប់ដូចពស់ មានន័យថា សត្វពស់ជាសត្វអាសិរពិស កាចសាហាវ ដែលមនុស្សផងទាំងឡាយខ្លាចញញើត មិនចង់ជួប មិនចង់នៅក្បែរ កាលណាស្លាប់ទៅមនុស្សផងទាំងឡាយ គ្មានស្តាយស្រណោះមានតែពោលពាក្យសាទរ ។ ក្នុងន័យនេះ បើនិយាយពីមនុស្សចង់មានន័យថា មនុស្សយើងរស់នៅក្នុងសង្គមកុំបង្កភាពចលាចល ភាពវឹកវរ និងបង្កបញ្ហាដល់គ្រួសារ ដល់អ្នកដទៃ និងដល់សង្គម។
២. កុំរស់ដូចកង្កែប
        កង្កែប គឺជាសត្វមួយប្រភេទដែលមិនចេះធ្វើជម្រកដោយខ្លួនឯង តែងតែនៅស្នាក់អាស្រ័យជាមួយគេ ហើយជាសត្វតែងតែបង្កបញ្ហា និងនាំទុក្ខទោសដល់សត្វដទៃ។ ក្នុងន័យនេះដែរ បើយើងនិយាយពីមនុស្សគេចង់មានន័យថា បើយើងជាមនុស្្សកុំរស់នៅដូចសត្វកង្កែប យើងកុំនាំទុក្ខទោសដល់អ្នកដទៃ កុំបង្កបញ្ហាដល់អ្នកដទៃ ត្រូវចងចាំថា បើរស់នៅកន្លែងណាមួយ បើមិនបានផ្តល់ផលប្រយោជន៍ដល់អ្នកដទៃទេ សូមកុំផ្តល់ភាពលំបាកដល់អ្នកដទៃ។

៣. កុំអែបដូចជ្រៃ
        ជ្រៃគឺជារុក្ខជាតិម្យ៉ាងដែលរស់នៅដោយពឹងផ្អែក និងអែបអបទៅលើគេ ហើយជញ្ជក់ជាតិពីគេ ដើម្បីចិញ្ចឹមជីវិតរបស់ខ្លួន។ ក្នុងន័យនេះចង់មានន័យថា មនុស្សយើងកុំរស់នៅដោយគ្រាន់តែកំដរគេ កុំកិបកេង បឺតជញ្ជក់ញើសឈាមអ្នកដទៃ និងសង្គមជាតិ ដើម្បីតែផលប្រយោជន៍របស់ខ្លួន ក្រុមគ្រួសារខ្លួន និងបក្សពួកខ្លួន។
៤. កុំអាស្រ័យដូចបញ្ញើក្អែក
        បញ្ញើក្អែក គឺជារុក្ខជាតិម្យ៉ាងដែលរស់នៅពឹងផ្អែកលើគេទាំងស្រុង បើគេរស់វាក៏រស់ បើគេស្លាប់វាក៏ស្លាប់។ ក្នុងន័យនេះ បើយើងនិយាយពីមនុស្សចង់មានន័យថា យើងកើតមកកុំរស់នៅដោយពឹងផ្អែកលើគេទាំងស្រុងពេក ត្រូវខិតខំ ប្រឹងប្រែង តស៊ូ ព្យាយាម អត់ធ្មត់ ហើយត្រូវមានអ្វីមួយជាជំហរសម្រាប់ខ្លួនឯង៕

ប្រពភពី ៖  https://www.facebook.com/sorn.sophea.14

Comments

  1. change page background to ankorwat veng loy jeag hz baj dak style ou vea move ey te ( ot loy hz slow teat )

    ReplyDelete

Post a Comment