ភ្នំឈើកាច់ (Chhoeu Kach Mountain)

ភ្នំឈើកាច់
(Chheur Kach Mountain)
"ឈើកាច់" ជាឈ្មោះភ្នំ ឬភូមិមួយ ដែលស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង
បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ១ ត្រូវធ្វើដំណើរប្រមាណ ២ ម៉ោង ដែលត្រូវឆ្លងកាត់តំបន់អ្នកលឿងដោយស្ពានហើយ បន្តដំណើរទៅមុខទៀត ប្រហែលជា ២ គីឡូម៉ែត្រ (2 Km2) រហូតដល់ផ្សារមួយឈ្មោះថាផ្សារកំពង់សឹង ស្ថិតក្នុងភូមិកំពង់សឹង រួចបត់ឆ្វេងចូលតាមផ្សារកំពង់សឹងទៅ។ លោកអ្នកធ្វើដំណើររហូតដល់ជើងភ្នំ ទីនោះជាទីប្រជុំជនស្រុក មានការិយាល័យរដ្ឋបាលស្រុក វិទ្យាល័យបាភ្នំ ( តាំងពីមុនសម័យសង្គមរាស្រ្តនិយម គឺវិទ្យាល័យបាភ្នំដ៏ល្បីល្បាញ ព្រោះមានសិស្សមកពីទូទាំងស្រុកបាភ្នំមករៀននៅ សាលានេះ) មានផ្សារ តំបន់ពាណិជ្ជកម្ម និងធនាគារផ្សេងៗ។ នៅខាងជើងភ្នំមានវត្តពីរ គឺវត្តវិហារគុហ៍ និង វត្តវិហារធំ
វត្តវិហារធំនេះ ដែលជាវត្តដែលនេនទុំ បានបួសជាសាមណេរ ហើយដំបូកដែលនេនទុំលួចទៅសឹកនោះ មានឈ្មោះថា ទូលគោកច្រេះ គឺនៅ មានវត្តមានរហូតដល់សព្វថ្ងៃ គឺខាងកើតព្រះវិហារធំនោះឯង។ នៅខាងកើតភ្នំឈើកាច់ និងក្បែរវត្តវិហារគុហ៍មានប្រាសាទបុរាណមួយ ដែល សង់ឡើងពីថ្មបាយក្រៀម (មិនដឹងអាយុកាល) ឈ្មោះប្រាសាទ វិហារចន្ទ ដែលអ្នកស្រុកមានជំនឿថា ជារាជធានីចាស់របស់ខ្មែរគឺនគរភ្នំ (មានមតិមិនស្របគ្នាជាមួយប្រាសាទភ្នំដារ ខេត្តតាកែវ)។ នៅខាងមុខសាលាស្រុកបច្ចុប្បន្ន គឺជាទីវាលដែលគេ តែងប្រារព្ធពិធីឡើង អ្នកតាមេស ជារៀងរាល់ឆ្នាំ ដែលជាទូទៅគេធ្វើឡើងនៅខែឧសភា (ទល់មុខការិយាល័យអង្គការសេដាកស្រុកបច្ចុប្បន្ន និងបឋមសិក្សាឈើកាច់)។

Comments