បុណ្យមាឃបូជាសង្ខេប
សម្តេចព្រះភគវន្តអនន្តញ្ញាណ តាំងអំពីទ្រង់បានត្រាស់ជាព្រះពុទ្ធស្រេចហើយពេលណា
ព្រះអង្គក៏ត្រាច់ប្រកាសព្រះពុទ្ធសាសនា តាមទីប្រជុំនិគមជនបទមិនខ្លាចនឿយព្រះកាយ
ព្រមទាំងដឹកនាំមនុស្សក្នុងពិភពលោក ដែលមិនទាន់មានសទ្ធាឱ្យមានសទ្ធាឡើង
រីឯអ្នកដែលមានសទ្ធាហើយឱ្យកាន់តែមានសទ្ធាទៀត ថែមមានមុខឆ្ពោះទៅកាន់ព្រះពុទ្ធសាសនាតាម
លំអាន ហើយព្រះមានព្រះភាគទ្រង់ប្រព្រឹត្តនូវពុទ្ធកិច្ចទាំង ៥ ប្រការអស់រយៈពេល
៤៥ វស្សាមិនឱ្យចន្លោះឡើយ ដើម្បីជាប្រយោជន៍ដល់សព្វសត្វទាំងពួងទាំងឡាយ។
មាឃបូជា ជាបុណ្យថ្នាក់ជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិនានា
ដែលពុទ្ធសាសនិកតែងគោរពបូជាមិនដែលខាន
នៅពេលដល់ថ្ងៃពេញបូណ៌មីខែមាឃចូលមកដល់។ ក្នុងថ្ងៃនេះដែរ
មន្ត្រីរាជការគ្រប់ឋានានុក្រម
ព្រមទាំងអង្គភាពការងារគ្រប់ស្ថាប័នត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកមួយថ្ងៃ
ដើម្បីមានឱកាសចូលរួមគោរពបូជាបុណ្យមាឃបូជានេះ។ នៅក្នុងថ្ងៃនេះ
ពុទ្ធមាមកជនបានមកប្រជុំគ្នារៀបចំគ្រឿងសក្ការបូជាទាំងឡាយមានទៀន ធូប
និងផ្កាជាដើមបូជាក្នុងវត្តអារាមផ្សេងៗ ដោយមានព្រះពុទ្ធរូបស្នងអង្គ គង់ចំពោះមុខជាប្រធានហាក់ដូចជាព្រះបរមសាស្តាអង្គនោះធរមានចំពោះមុខនៃយើងទាំងអស់គ្នា
សូមថ្វាយគ្រឿងសក្ការទាំងនេះ ចំពោះព្រះសម្មាសម្ពុទ្ធ ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃ
ដោយសេចក្តីគោរព។
ពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាតែងតែប្រារព្ធពិធីបុណ្យមាឃបូជានេះ
នៅថ្ងៃពេញបូណ៌មី (១៥ កើត) ខែមាឃ ដើម្បីរំឭកដល់ព្រះសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារនៅចំពោះមុខមារថា
“ម្នាលមារមានចិត្តបាបគិតពីថ្ងៃនេះទៅនៅខ្វះតែ៣ខែទៀតទេ
តថាគតនឹងរំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ”។
លុះព្រះមានព្រះភាគទ្រង់ដាក់អាយុសង្ខារដូច្នេះ
ហើយក៏មានការកក្រើករំពើកញាប់ញ័រផែនដី គួរឱ្យភ្លូកភ្លឹកព្រឺព្រួចទាំងមានផ្គរលាន់ឮឡើងផ្អើលអស់មនុស្សទេវតា។
ពួកសាវ័កទាំងឡាយមានព្រះ អានន្ទជាដើមក៏កើតក្តីសង្វេគសោយទុក្ខក្តុកក្តួលស្តាយស្រណោះគ្រប់ៗអាត្មា។
ក្នុងថ្ងៃនេះដែរ ក៏ពុទ្ធបរិស័ទរំឭកនឹកដល់កាលដែលព្រះអង្គទ្រង់ធ្វើចតុរង្គសន្និបាត
ដែលមានភិក្ខុសង្ឃចំនួន ១២៥០ អង្គសុទ្ធតែជាព្រះអរហន្តខីណាស្រពមកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាឯវត្តវេឡុវ័ន
ដែលការមកប្រជុំរបស់ព្រះអរហន្តទាំងអម្បាលនោះអត់បានកំណត់ពេលគ្នាជាមុនសោះ
ក៏ស្រាប់តែមកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាដោយឯងៗ។
ការប្រជុំបែបនេះក្នុងពុទ្ធសម័យមានតែម្តងគត់ដែលហៅថា
ចតុរង្គសន្និបាតគឺការប្រជុំប្រកបដោយអង្គបួន ហើយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងឱវាទបាតិមោក្ខក្នុងទីប្រជុំនៃភិក្ខុសង្ឃនោះ។
ពួកពុទ្ធមាមកជនគ្រប់ប្រទេសកាលរៀងមកបានកំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំជាថ្ងៃសំខាន់មួយក្នុងការប្រារព្ធពិធីនេះ
។
ចតុរង្គសន្និបាត
ចតុរង្គសន្និបាត គឺការប្រជុំដែលប្រកបដោយទាំងអង្គ
៤ ប្រការរបស់ព្រះសម្មា-សម្ពុទ្ធជាបរមគ្រូនៃយើងនេះដូច្នេះគឺ
៖
១- មាឃនក្ខត្តេន យុត្តោ បុណ្ណមីឧបោសថោ ទិវសោ ថ្ងៃឧបោសថព្រះចន្ទពេញវង់ប្រកបដោយផ្ដាយប្រចាំខែមាឃបុណ្ណមី គឺថ្ងៃ ១៥ កើតមាឃៈ។
២- កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេរសានិ ភក្ខុសតានិ, ភិក្ខុ ១២៥០ រូប ឥតមាននរណានិមន្តឡើយ ស្រាប់តែមកប្រជុំគ្នាតាមធម្មតារបស់លោក។
៣- តេសុ ឯកោ បុថុជ្ជនោ វា សោតាបន្នសកទាគាមិអនាគាមិសុក្ខវិបស្សអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆ អភិញ្ញាវ ភិក្ខុអម្បាលនោះជាបុថុជ្ជន ឬសោតាបន្ន សកទាគាមី អនាគាមី ឬព្រះអរហន្តសុក្ខវិបស្សកៈ សូម្បីតែ ១ រូបក៏មិនមាន សុទ្ធតែជាព្រះអរហន្ត បានអភិញ្ញាណ ៦ គ្រប់រូប។
៤- ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ សព្វេ ឯហិភិក្ខូយេវ, សូម្បីតែ ១ រូបដែលកោរសក់ដោយកាំបិត ហើយបួសក៏មិនមាន សុទ្ធតែជាឯហិភិក្ខុទាំងអស់។
១- មាឃនក្ខត្តេន យុត្តោ បុណ្ណមីឧបោសថោ ទិវសោ ថ្ងៃឧបោសថព្រះចន្ទពេញវង់ប្រកបដោយផ្ដាយប្រចាំខែមាឃបុណ្ណមី គឺថ្ងៃ ១៥ កើតមាឃៈ។
២- កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេរសានិ ភក្ខុសតានិ, ភិក្ខុ ១២៥០ រូប ឥតមាននរណានិមន្តឡើយ ស្រាប់តែមកប្រជុំគ្នាតាមធម្មតារបស់លោក។
៣- តេសុ ឯកោ បុថុជ្ជនោ វា សោតាបន្នសកទាគាមិអនាគាមិសុក្ខវិបស្សអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆ អភិញ្ញាវ ភិក្ខុអម្បាលនោះជាបុថុជ្ជន ឬសោតាបន្ន សកទាគាមី អនាគាមី ឬព្រះអរហន្តសុក្ខវិបស្សកៈ សូម្បីតែ ១ រូបក៏មិនមាន សុទ្ធតែជាព្រះអរហន្ត បានអភិញ្ញាណ ៦ គ្រប់រូប។
៤- ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ សព្វេ ឯហិភិក្ខូយេវ, សូម្បីតែ ១ រូបដែលកោរសក់ដោយកាំបិត ហើយបួសក៏មិនមាន សុទ្ធតែជាឯហិភិក្ខុទាំងអស់។
ចតុរង្គសន្និបាតនេះ
ព្រះសម្ពុទ្ធជាបរមគ្រូរបស់យើងទ្រង់ធ្វើក្នុងវត្តវេឡុវ័ន។ មានដំណាលថា ៖
កាលដែលព្រះអង្គសាវ័កទាំងពីរបួសហើយ
ព្រះមហាមោគ្គល្លានបានសម្រេចអរហត្តក្នុងថ្ងៃទី ៧។ ព្រះធម្មសេនាបតីសារីបុត្ត
បានសម្រេចសាវ័កបារមីញាណក្នុងថ្ងៃទី ១៥ នៅវេលាដែលបញ្ជូនញាណទៅតាមខ្សែធម្មទេសនា ដែល ព្រះដ៏មានព្រះភាគទ្រង់សម្ដែង
វេទនាបរិគ្គហសូត្រ ប្រោសទីឃនខបរិព្វាជកជាក្មួយរបស់លោកក្នុងញកគុហាឈ្មោះ
សូករខាតលេណៈ នាពាក់កណ្ដាលភ្នំគិជ្ឈកូដ។
កាលដែលព្រះដ៏មានព្រះភាគទ្រង់ជ្រាបថាព្រះថេរៈបានសម្រេចអរហត្តហើយ
ព្រះអង្គទ្រង់ហោះទៅតាមអាកាសប្រតិស្ឋានឯវត្តវេឡុវ័ន។ ព្រះថេរៈបានជ្រាបដូច្នោះ
ក៏ហោះទៅតាមអាកាសប្រតិស្ឋានក្នុងវត្តវេឡុវ័នដែរ។ សម័យនោះជាវេលាជួបជុំប្រកបដោយអង្គទាំង ៤
ប្រការ ដែលលោកហៅថា “ចតុរង្គសន្និបាត” ព្រះដ៏មានព្រះភាគក៏ទ្រង់សម្ដែងឱវាទបាតិមោក្ខ
ក្នុងទីប្រជុំនោះ។
ឱវាទបាតិមោក្ខគាថា
សព្វបាបស្ស អករណំ, កុសលស្សូបសម្បទា,
សចិត្តបរិយោទបនំ, ឯតំ ពុទ្ធានសាសនំ,
ខន្តិ បរមំ តបោ តីតិក្ខា, និព្វានំ បរមំ វទន្តិ ពុទ្ធា,
ន ហិ បព្វជិតោ បរូបឃាតី, សមណោ ហោតិ បរំ វិហេឋយន្តោ,
សចិត្តបរិយោទបនំ, ឯតំ ពុទ្ធានសាសនំ,
ខន្តិ បរមំ តបោ តីតិក្ខា, និព្វានំ បរមំ វទន្តិ ពុទ្ធា,
ន ហិ បព្វជិតោ បរូបឃាតី, សមណោ ហោតិ បរំ វិហេឋយន្តោ,
អនូបវាទោ អនូបឃាតោ, បាតិមោក្ខេ
ច សំវរោ,
មត្តញ្ញុតា ច ភត្តស្មឹ , បន្តញ្ច សយនាសនំ,
អធិចិត្តេ ច អាយោគោ, ឯតំ ពុទ្ធានសាសនំ។
សេចក្តីប្រែ
ព្រះបរមពុទ្ធោវាទ
៣ គាថានេះ ឈ្មោះថា ឱវាទបាតិមោក្ខ ជាព្រះឱវាទមានសេចក្ដីវិសេស ១១ ប្រការ
ដូចន័យដែលចែកជាកណ្ឌៗ តទៅនេះគឺ
១- សព្វបាបស្ស អករណំ ការមិនធ្វើអំពើបាបទាំងពួង,
២- កុសលស្សូបសម្បទា ការបំពេញកុសលឲ្យបរិបូណ៌,
៣- សចិត្តបរិយោទបនំ ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់,
- ឯតំ
ពុទ្ធានសាសនំ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
៤- ខន្តិ បរមំ តបោ តីតិក្ខា អធិវាសនខន្តី
ពោលគឺសេចក្ដីអន់ធន់ ជាតបធម៌ដ៏ឧត្ដម
៥- និព្វានំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធទាំងឡាយតែងសម្ដែងថា
ព្រះនិព្វានជាធម៌ឧត្ដម
៦-
ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ បុគ្គលដែលសម្លាប់សត្វដទៃមិនឈ្មោះថា
បព្វជិត បុគ្គលដែលបៀតបៀនសត្វដទៃមិនឈ្មោះថា សមណៈឡើយ។
៧- អនូបវាទោ អនូបឃាតោ ការមិនពោលតិះដៀល (អ្នកដទៃ)
ការមិនបៀតបៀន (អ្នកដទៃ)
៨- បាតិមោក្ខេ ច សំវរោ ការសង្រួមក្នុងបាតិមោក្ខ,
៩- មត្តញ្ញុតា ច ភត្តស្មឹ ភាវៈជាអ្នកដឹងប្រមាណក្នុងភត្ត,
១០- បន្តញ្ច សយនាសនំ ទីដេកទីអង្គុយដ៏ស្ងាត់,
១១- អធិចិត្តេ ច អាយោគោ ការបំពេញព្យាយាមក្នុងអធិចិត្ត។
- ឯតំ ពុទ្ធានសាសនំ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
ឱវាទបាតិមោក្ខនេះ
ជាសាសនធម៌ផ្លូវប្រតិបត្តិរបស់ពុទ្ធបរិស័ទគ្រប់ចំពូកទូទៅទាំងសាសនមណ្ឌល ។
ព្រះបោរាណាចារ្យបានសម្ដែងទុកថា ធម្មតាព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលបានត្រាស់ដឹងក្នុងអតីតកាលកន្លងហើយ
គឺតាំងអំពីព្រះវិបស្សីសម្មាសម្ពុទ្ធជាម្ចាស់ជាដើមក្ដី
ព្រះអរហន្តសម្មាសម្ពុទ្ធ ដែលព្រះអង្គនឹងបានត្រាស់ក្នុងអនាគតកាលខាងមុខក្ដី
ព្រះអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូរបស់យើងទាំងឡាយ
ដែលមានសាសនោវាទរុងរឿងនៅសព្វថ្ងៃនេះក្ដី ព្រះសម្មាសម្ពុទ្ធក្នុងកាលទាំង
៣ តែងទ្រង់ធ្វើវិសុទ្ធិឧបោសថសម្ដែងឱវាទបាតិមោក្ខ ៣
គាថានេះក្នុងទីប្រជុំនៃព្រះសង្ឃសាវ័កដ៏ប្រសើរ ដែលហៅថា “ចតុរង្គសន្និបាត”
(ការប្រជុំសាវ័កប្រកបដោយអង្គ ៤) ដូចគ្នាគ្រប់ៗ អង្គ
ផ្សេងតែវារៈដែលទ្រង់សម្ដែង ព្រះអង្គខ្លះច្រើនដង ព្រះអង្គខ្លះតិចដង
និងផ្សេងចំនួនភិក្ខុដែលមកប្រជុំ ច្រើនតិចជាងគ្នាតាមកាល
ព្រះវិបស្សីសម្មាសម្ពុទ្ធ មានចតុរង្គសន្និបាត ៣ ដង គឺមានភិក្ខុ ៦ លាន ៨ សែនរូបម្ដង
១ សែនរូបម្ដង ៨ ហ្មឺនរូបម្ដង ព្រះសិខីសម្មាសម្ពុទ្ធ មានចតុរង្គសន្និបាត ៣ ដង
គឺមានភិក្ខុ ១ សែនរូបម្ដង ៨ ហ្មឺនរូបម្ដង
ព្រះវេស្សភូសម្មាសម្ពុទ្ធមានចតុរង្គសន្និបាត ៣ ដង គឺមានភិក្ខុ ៨
ហ្មឺនរូបម្ដង ៧ ហ្មឺនរូបម្ដង ៦ ហ្មឺនរូបម្ដង ព្រះសម្មាសម្ពុទ្ធជាបរមសាស្ដារបស់យើងមានចតុរង្គសន្និបាតតែម្ដង
ព្រះអរហន្តសាវ័កដែលមកប្រជុំគ្នាក្នុងគ្រានោះតែ ១ ២៥០ រូប
តិចជាងព្រះសម្មាសម្ពុទ្ធពីបុរាណ។
ហេតុដូច្នេះបានជាចតុរង្គសន្និបាតនេះ
ជាទីនិយមរាប់អានរបស់អ្នកប្រាជ្ញថាជាមហាអស្ចារ្យ
និងជាមហាមង្គលដ៏ប្រសើរ កាលបើដល់ថ្ងៃមាឃបុណ្ណមីនៃខែមាឃ
ដែលជាថ្ងៃអភិលក្ខិតកាលដូច្នេះ
សប្បុរសក៏នាំគ្នាចាត់ចែងគ្រឿងសក្ការៈដ៏ផ្ចិតផ្ចង់ មានប្រទីបជ្វាលា ធូប
ទៀន និងកម្រងផ្កាជាដើម យកទៅបូជាចំពោះព្រះស្ដូបជាទីបញ្ចុះព្រះសារីរិកធាតុ
និងឧទ្ទេសិកចេតិយ គឺព្រះពុទ្ធប្បដិមា ដែលប្រតិស្ឋានទុកជាគ្រឿងសំគាល់ក្នុងអារាមផ្សេងៗ
ឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តទាំងឡាយ ដែលបរិនិព្វានទៅជាយូរអង្វែងហើយ
ប្រជុំគ្នាស្ដាប់ព្រះសង្ឃសូត្រស្វាធ្យាយ និងស្ដាប់ព្រះសទ្ធម្មទេសនាជាទីរឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធពីបុរាណ
និងព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងទ្រង់ធ្វើ ចតុរង្គសន្និបាត
នោះឯងតាមសេចក្ដីជឿនិងសេចក្ដីជ្រះថ្លារបស់ខ្លួនៗ ជាប់ជាប្រវេណីតៗ
មកដរាបដល់សព្វថ្ងៃនេះ។
ហេតុដូច្នេះហើយបានជាពិធីនេះ ជាទីពេញនិយមរាប់អានរបស់អ្នកប្រាជ្ញាថាជាមហាមង្គលអស្ចារ្យ
និងជាមហាសិរីសួស្តីដ៏ប្រសើរក្រៃលែងកាលបើដល់ថ្ងៃពេញបូណ៌មីខែវិសាខ ដែលជាថ្ងៃប្រកបដោយអភិលក្ខិតកាល
សប្បុរសអ្នកកាន់ព្រះពុទ្ធសាសនាក៏ មកប្រជុំគ្នាចាត់ចែងគ្រឿងសក្ការៈដ៏ផ្ចិតផ្ចង់មានទៀន
ធូប កម្រងផ្កាជាដើមយកទៅបូជាចំពោះព្រះពុទ្ធរូបក្នុងអារាមផ្សេងៗ
ព្រមទាំងបូជាចំពោះព្រះធម៌ និងព្រះអរហន្តទាំងឡាយ ដែលបរិនិព្វានទៅជាយូរអង្វែងហើយ។
ក្នុងថ្ងៃនោះពុទ្ធបរិស័ទបានប្រជុំគ្នាស្តាប់ព្រះសទ្ធម្មទេសនា
និងបានស្តាប់ព្រះសង្ឃសូត្រស្វាធ្យាយរៀបរាប់អំពីគុណរបស់ព្រះពុទ្ធជាអនេកសម្រាប់មនុស្សលោកទូទៅ។
ព្រោះហេតុនោះទើបពិធីនេះជាប់ជាបវេណីតមករហូតដល់សព្វថ្ងៃនេះ៕
ចប់ដោយសង្ខេបប៉ុណ្ណេះ
Comments
Post a Comment